ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាក់ថា ការងារលើវិស័យបរិស្ថាន គឺមានទំហំធំធេងណាស់ ដូច្នេះ ដើម្បីឱ្យវិស័យបរិស្ថានទទួលបានជោគជ័យបាន មិនមែនតែក្រសួងបរិស្ថានធ្វើការងារតែម្នាក់ឯងបាននោះទេ ពោលគឺត្រូវការការចូលរួមពីសង្គមទាំងមូលប្រកៀកស្មាគ្នា ទើបឱ្យធ្វើបរិស្ថានទទួលបានជោគជ័យ។ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលេីកឡេីងដូចនេះក្នុងពេលតំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថាន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរិស្ថាន។
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានបំពេញការងារច្រើន ជាក់ស្តែងការគ្រប់គុណភាពខ្យល់ គុណភាពទឹក សំណល់រឹង សំរាមប្លាស្ទិក ភាពស្អាត ភាពបៃតង ជាតិពុល ព្រមទាំងការងារអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ជាដេីម។ ដូច្នេះ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួនដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើវិស័យបរិស្ថាន គឺចាំបាច់ខ្លាំងណាស់ ត្រូវពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការងារបរិស្ថានទទួលបានជោគជ័យ។
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ថា ការងារចំនួន២ សំខាន់ដែលអាចឱ្យសម្រេចជោគជ័យលើការងារបរិស្ថាន គឺទី១ ការអប់រំ និងទី២ ការអនុវត្តច្បាប់ ឱ្យបានតឹងរ៉ឹង។ ជាក់ស្តែងបច្ចុប្បន្ន នៅតាមដងផ្លូវសាធារណៈនានា មិនឃើញមានសំរាម ឬថង់ប្លាស្ទិក ហោះពាសវាល ពាសកាលនោះទេ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវបានរួមគ្នារក្សាអនាម័យ ដោយបានបោះចោលសំរាម បានយ៉ាងត្រឹមត្រូវនៅធុងសំរាម និងទីកន្លែងទុកដាក់សំរាមជាដើម។
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ដែរថា សង្គមជាតិទាំងមូលចូលរួម មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន ត្រូវបន្តធ្វើការងារអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ដែលបណ្តាលមកពីសំរាម ថង់ប្លាស្ទិក ដែលរស់នៅតាមដងផ្លូវនានា ឱ្យបានយល់ដឹង និងចូលរួមចំណែកកាត់បន្ថយការបំពុលដោយប្លាស្ទិកជាដើម។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានថ្លែងថា ភារកិច្ចបរិស្ថានដែលត្រូវអនុវត្តបន្តមានច្រើន ប៉ុន្តែលោកមានជំនឿយ៉ាងមុតមាំថា ឈរលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ជាមួយនឹងមេរៀន បទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ព្រមទាំងការចូលរួម និងកិច្ចសហប្រតិបត្តិការពីអ្នកពាក់ព័ន្ធ រួមទាំងវិស័យឯកជននឹងអាចបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីសម្រេចបាននូវភាពស្អាត ភាពបៃតង និងចីរភាពនៃការអភិវឌ្ឍកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់នៃគ្រួសារបរិស្ថាន ឱ្យបន្តខិតខំអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈ ព្រមទាំងការច្នៃប្រឌិតខ្ពស់ ដើម្បីសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ការអប់រំផ្សព្វផ្សាយបរិស្ថាន ការកសាងកម្ពុជាដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មរដ្ឋបាលឌីជីថល និរន្តរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់ការទូតបៃតង៕







